អំពី ៖ លោក វណ្ណ ម៉ូលីវណ្ណ
លោក វណ្ណ ម៉ូលីវណ្ណ គឺជាស្ថាបត្យករនាំមុខគេនិងបង្កើតស្នាដៃជាច្រើន នៅក្នុងចលនា ស្ថាបត្យកម្មខ្មែរថ្មីរបស់ប្រទេសកម្ពុជា។
លោក វណ្ណ ម៉ូលីវណ្ណ កើតក្នុងខេត្តកំពត នៅឆ្នាំ១៩២៦។ ក្នុងឆ្នាំ ១៩៤៦ គាត់បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង។ គាត់បានសិក្សាផ្នែកស្ថាបត្យកម្មរួមជាមួយផ្នែក សិល្បៈផ្សេងទៀតនៅសាលាវិចិត្រសិល្បៈ និងបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាដែលទើប ទទួលបានឯករាជ្យថ្មីៗក្នុងឆ្នាំ១៩៥៦។ បន្តិចក្រោយមកគាត់ត្រូវបានសម្តេច នរោត្តម សីហនុ តែងតាំងជាស្ថាបត្យកររដ្ឋ។ គាត់បានបន្តរចនាគម្រោងសាធារណៈ ដែលត្រូវបានគេស្គាល់ និង បានចាប់ទុករាល់សម្ឋិផលទាំងអស់នោះ គឺជាភាពដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា ដែលសាង សង់ឡើងជាចំណែកមួយនៃទំនើបនីយកម្មទូទាំងប្រទេស ដែលបានចាប់ផ្តើម ដោយរបបសង្គម រាស្ត្រនិយម។ គាត់ក៏បានរចនាលំនៅដ្ឋានឯកជន និងរចនាសម្ព័ន្ធតូចៗជាច្រើន នៅក្នុងសម័យ នោះដែរ។
បន្ថែមពីលើការងារជាច្រើនរបស់គាត់ ក្នុងនាមជាស្ថាបត្យករ លោក វណ្ណ ម៉ូលីវណ្ណ ក៏ជាអ្នករៀបចំទីក្រុង និងគ្រប់គ្រងការពង្រីកក្រុងភ្នំពេញ ក៏ដូចជាការបង្កើតកំពង់ផែសមុទ្រក្រុង ព្រះសីហនុ(កំពង់សោម) និងនៅទីតាំងផ្សេងៗ ទៀត។ ជាងនេះទៀត គាត់ក៏បានចូលរួមនៅក្នុង ការងារដឹកនាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងបានបោះពុម្ពផ្សាយអត្ថបទជាច្រើនស្តីពី ទំនើបភាវូបនីយកម្មប្រទេសកម្ពុជា នៅក្នុងព្រឹត្តិប័ត្រស្រាវជ្រាវជាភាសាខ្មែរជាច្រើន។ គាត់ត្រូវបានគេចងចាំ ជាបុគ្គលនាំមុខគេក្នុងជីវិតវប្បធម៌យ៉ាងសកម្ម នៅក្នុងសម័យក្រោយ ឯករាជ្យ របស់ប្រទេសកម្ពុជាផងដែរ។
បន្ទាប់ពីរដ្ឋប្រហារឆ្នាំ១៩៧០ ដែលបានទម្លាក់សម្តេច សីហនុ និងរបបគ្រប់គ្រងរបស់ព្រះអង្គលោក វណ្ណ ម៉ូលីវណ្ណ បានផ្លាស់ទៅរស់នៅប្រទេសស្វ៊ីស។ ក្នុងរយៈប៉ុន្មានទសវត្សក្រោយមកគាត់បានបន្តការងាររបស់គាត់ជាមួយអង្គការសហប្រជាជាតិ លើកម្មវិធីតាំងទីលំនៅនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាអន្តរជាតិ។
ក្នុងឆ្នាំ១៩៩១ លោកវណ្ណ ម៉ូលីវណ្ណ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ និងត្រូវបានតែងតាំង ជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ការធ្វើផែនការក្រុង និងប្រទេស។ គាត់ជាកំលាំង យ៉ាងសំខាន់ក្នុងការបង្កើតអាជ្ញាធរអប្សរាដែលជាអង្គភាពសហប្រតិបត្តិការពហុបក្ស ដែលមាន បំណងក្នុងការគ្រប់គ្រងឃ្លាំមើលការស្រាវជ្រាវនិងរដ្ឋបាលប្រាសាទបុរាណតំបន់អង្គរ។ គាត់ក៏បានបន្តការស្រាវជ្រាវ បោះពុម្ពផ្សាយសៀវភៅជាច្រើននិងបញ្ចប់ថ្នាក់បណ្ឌិត ផ្នែកប្រវត្តិសាស្ត្រ លើការតាំងទីលំនៅរបស់មនុស្សក្នុងតំបន់អាស៊ីអាគ្នេយ៍។
បច្ចុប្បន្ននេះ លោកវណ្ណ ម៉ូលីវណ្ណ រស់នៅជាមួយភរិយារបស់គាត់ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។