អំពី ៖ ចលនាស្ថាបត្យកម្មខ្មែរថ្មី
លោក វណ្ណ ម៉ូលីវណ្ណ ត្រូវបានគេទទួលស្គាល់ទូទាំងប្រទេស នៃការរចនាសំណង់ តាមបែបស្ថាបត្យកម្មខ្មែរថ្មី។ វិធីសាស្ត្រដ៏ពិសេសនេះបាន ឆ្លើយតបទៅនឹងបញ្ហាប្រឈម និងជាឱកាសនៃការសាងសងសំណង់ នៅក្រោយ សម័យអាណានិគមនិយមដែលបានជះឥទ្ធិពលពាសពេញប្រទេសកម្ពុជា ទាំងនៅទីក្រុង និងតំបន់ជនបទ អស់ពេលជាច្រើនឆ្នាំ បន្ទាប់ពីទទួលបានឯករាជ្យ (១៩៥៣)និងមុនការគ្រប់គ្រងរបស់ខ្មែរក្រហម (១៩៧៥)។លោក វណ្ណ ម៉ូលីវណ្ណ មិនមែនជាអ្នកតស៊ូមតិតែម្នាក់ឯងនោះទេ តែមានការចូលរួមពីបុគ្គលសំខាន់ៗផ្សេងទៀត ដូចជា លោក លុយ បានហាប់និង លោកម៉ម សុផាណា។
ស្ថាបត្យកម្មខ្មែរថ្មី អាចត្រូវបានកំណត់លក្ខណៈដោយ៖
- ការប្រើប្រាស់សម្ភារៈសំណង់ថ្មី ជាចម្បងគឺបេតុង
- ការយកលំនាំផ្នែកទស្សន៍ និង ហេដ្ធារចនាសម្ពន្ធ័គ្រោងអគារ តាមបច្ចេកទេសសំណង់របស់កម្ពុជា ដែលមានពីមុន ជាពិសេសការសង់អគារលើសរសរ។
- ការសម្របតាមអាកាសធាតុតំបន់ត្រូពិច ដែលបង្ហាញតាមរយៈការប្រើប្រាស់ ចរន្តខ្យល់ធម្មជាតិនិង ស្លាបព្រឹលដោយភាពច្នៃប្រឌិត
- ការប្រើប្រាស់សម្ភារៈតុបតែង ដែលជះឥទ្ធិពលពីសម័យអង្គរ។
រួមជាមួយនឹងការទាញចេញពីទម្រង់សំណង់កម្ពុជាដែលមានពីមុនមកនេះ ចលនាស្ថាបត្យកម្មខ្មែរថ្មីក៏បានចូលរួមជាមួយនឹងទំនើបនិយមអន្តរជាតិផ្សេងៗជាច្រើនទៀត។ ស្ថាបត្យករ និង វិស្វករមកពីជប៉ុនអឺរ៉ុប អតីតសហភាពសូវៀត សហរដ្ឋអាមេរិច និងមកពីកន្លែងផ្សេងទៀត បាន ចូលរួមជាមួយជនជាតិកម្ពុជា ធ្វើការលើគម្រោងសំខាន់ៗជាច្រើន ដោយរាប់បញ្ចូលទាំងវិស្វករ ដ៏មានឥទ្ធិពលឈ្មោះVladimir Bodiansky ទៀតផង។ ដូច្នេះ ចលនាស្ថាបត្យកម្មខ្មែរថ្មី អាចត្រូវ បានគេយល់ថា មិនត្រឹមតែជាការធ្វើសម្របទៅតាមទំនើបនិយម“រចនាបថអន្តរជាតិ" នោះទេ ប៉ុន្តែវាថែមទាំងជាការរួមបញ្ចូលរវាងវិធីសាស្ត្រជាច្រើន ពីប្រភពផ្សេងៗ។
ក្រោមការដឹកនាំដ៏សកម្មរបស់សម្តេច សីហនុគម្រោងសាធារណៈដ៏មានមហិច្ឆតាជាច្រើនកើតមានពាសពេញប្រទេសកម្ពុជា បានក្លាយទៅជាឱកាសបង្ហាញស្នាដៃសម្រាប់ស្ថាបត្យកម្មខ្មែរថ្មីដោយរាប់បញ្ចូលទាំងស្ថាប័នអប់រំ និងវប្បធម៌ធំៗផងដែរ។ ប៉ុន្តែរចនាបទថ្មីពិសេសនេះ ក៏ត្រូវបានពលរដ្ឋ ស្វាគមន៍ដោយក្តីសោមនស្សផងដែរ ហើយស្ថាបត្យកម្មខ្មែរថ្មីត្រូវបានប្រើប្រាស់យ៉ាងពេញនិយមសម្រាប់ការសង់លំនៅដ្ឋានឯកជនផងដែរ។
ស្ថាបត្យកម្មខ្មែរថ្មី នាពេលបច្ចុប្បន្ននេះ ត្រូវបានគេចងចាំថាជាចំណែកត្របាញ់បញ្ចូលគ្នា នៃសមិទ្ធិផលវប្បធម៌ដែលមានលក្ខណៈច្នៃប្រឌិត ក្នុងសម័យក្រោយទទួលបានឯករាជ្យ។ អគារទំនើបប្លែករបស់ស្ថាបត្យកម្មខ្មែរថ្មី បានកា្លយទៅជាឆាកសម្រាប់ភាពយន្តខ្មែរជាច្រើនដែល ផលិតដោយឧស្សាហកម្មភាពយន្តកម្ពុជា ដែលមានការរីកចម្រើនយ៉ាងរហ័សនៅឆ្នាំ១៩៦០។ តន្ត្រីរ៉ក់ខិនរ៉ូល បានបន្ទរសម្លេងឡើងនៅក្នុងលំហរបស់អគារទាំងនោះ ជញ្ជាំងត្រូវបាន តុបតែងដោយផ្ទាំងគំនូររចនាបទថ្មី អ្នករស់នៅស្លៀកពាក់សម្លៀកបំពាក់សម័យថ្មី ដែលរួម បញ្ចូលធាតុផ្សំអឺរ៉ុប និងក្នុងស្រុក។
ដូចនឹងទម្រង់វប្បធម៌ស្រដៀងគ្នានេះដែរស្ថាបត្យកម្មខ្មែរថ្មី បានសម្តែងចេញនូវព្រលឹងនៃសម័យកាលរបស់ខ្លួនតាមវិធីសាស្ត្រដ៏ពិសេស ដែលស្របតាមកាលៈទេសៈក្នុងស្រុក។
សម្រាប់ព័ត៌មាននិងរូបភាពបន្ថែមទៀតនៃស្ថាបត្យកម្មខ្មែរថ្មី សូមចូលទៅកាន់៖nka.lumhor.org